ការដឹងថាខ្លួនធ្វេីខុសជារឿងងាយទេ​ តែការប៉ះប៉ូវកំហុសជារឿងពិបាក


ការដឹងថាខ្លួនបានធ្វើខុសជារឿងងាយទេ តែការពាល់ត្រូវនូវទំហំនៃកំហុសរបស់ខ្លួន ជារឿងកើតមានដោយកម្រ។ គ្មានការស្ម័គ្រស្មោះកែកំហុសណាដែលយើងចាត់ទុកជាការរើខ្លួនរួចពីមនុស្សសំបូរដោយភាពអវិជ្ជមានមកកាន់ភាពប្រសើរឡើង អាចធ្វើទៅកើតបានទេ នៅពេលអ្នកបានប្រព្រឹត្តកំហុស មិនបានពាល់ត្រូវនូវទំហំនៃកំហុសរបស់ខ្លួននោះ។ មានមនុស្សច្រើនណាស់ ពេលដែលបានធ្វើកំហុសណាមួយ ពួកគេបានសុំទោសចំពោះកំហុសរបស់ពួកគេ ជួនកាលគេនិយាយថា ខ្ញុំបានធ្វើកំហុសធ្ងន់ណាស់ តែការពិតគេគ្រាន់តែដឹងថាគេបានធ្វើខុស តែគេមិនបានពាល់ត្រូវនូវភាពជាមនុស្សដែលមានចិត្តខូចកំរិតណានៅពេលដែលខ្លួនកំពុងប្រព្រឹត្តកំហុសនោះទេ។ គេកម្រនឹងបានស្រមៃថយក្រោយទៅពាល់អោយត្រូវនូវចិត្តបត់បែនគ្រលុកគ្រលាក់ ចង់ឈ្នះចាញ់ ភាពល្ងីល្ងើ គួរអោយស្អប់ ភាពមានះ ចចេសដែលមិនគួរអោយលើកលែងទោសរបស់ខ្លួន ដែលជាចិត្តនាំគេអោយទៅពាល់ត្រូវនូវទំហំកំហុសរបស់ខ្លួនគេនោះណាស់ ម្លោះហើយទោះពួកគេសុំទោស ព្រមទទួលកំហុសរបស់ខ្លួនក៏ព្រោះតែហេតុផលផ្សេងក្រៅពីការបានពាល់ត្រូវទំហំនៃកំហុសរបស់ខ្លួនដែរ។ ការព្រមកែកំហុសព្រោះខ្លាចអំណាច ឬព្រោះតែខ្លាចបាត់ប្រយោជន៍ណាមួយរបស់ខ្លួន មិនជាការអភិវឌ្ឈន៍ ពីមនុស្សដែលសម្បូរដោយភាពអវិជ្ជមានមករកភាពវិជ្ជមានឡើយ៕