ពួកយើងមានទស្សនៈមួយយល់ឃើញថាៈធនធានពិតប្រាកដនៃប្រទេសមួយមិនមែន ធនធានធម្មជាតិទេ គឺជាធនធានមនុស្ស។ ប៉ុន្តែបើគ្រាន់តែយើងដឹងថា ធនធានពិតប្រាកដនៃប្រទេសមួយគឺជាធនធានមនុស្ស វាមិនទាន់គ្រប់គ្រាន់ដើម្បីអោយយើងចាប់ផ្តើមអភិវឌ្ឍន៍ធនធានមនុស្ស អោយបានទៅជាខ្លឹម សំរាប់អភិវឌ្ឍន៍សង្គមជាតិរបស់ពួកយើងទេ។ យើងត្រូវយល់ថា អ្វីទៅជាខ្លឹមនៃមនុស្សដែលយើងត្រូវអភិវឌ្ឍន៍?
ដើម្បីអភិវឌ្ឍន៍មនុស្សអោយមានខ្លឹម ត្រូវផ្តោតទៅលើចំណុចបី៖
ទី១៖ ជាពលរដ្ឋដែលរស់នៅក្នុងសង្គមមួយ ដាច់ខាតត្រូវមានជំនាញបច្ចេកទេសមួយយ៉ាងតិចដើម្បីរស់។
ទី២៖ គឺការផ្តល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជា។
ទី៣៖ គឺការអបរំសីលធម៌ ជាពិសេសគឺអោយពលរដ្ឋដែលជាម្ចាស់ប្រទេសនេះ មានការទទួលខុសត្រូវ ។
តាមទស្សនៈរបស់ក្រុមយើង យើងយល់ឃើញថា ការទទួលខុសត្រូវគឺជាសីលធម៌ខ្ពស់បំផុតរបស់មនុស្ស។សួរថាហេតុអ្វីបានជាពួកយើងយល់ឃើញថា ការអភិវឌ្ឍន៍ធនធានមនុស្សត្រូវក្តោបលើកត្តាទាំង៣នេះ? ព្រោះថា ពលរដ្ឋនៃប្រទេសមួយដែលគ្មានជំនាញ មិនអាចរកមុខរបរ រកស៊ីអោយបានសមរម្យនោះទេ។ ដូច្នេះការផ្តល់ អោយនូវ ចំណេះ ជំនាញ តាមរយៈសាលា ពេលដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់យើងឈ្នះឆ្នោតគឺជាការចាំបាច់ណាស់ ព្រោះយើងយល់ឃើញថាមនុស្សដែលគ្មានជំនាញ ពិបាករស់ ពិបាករកមុខរបរចិញ្ចឹមជីវិតណាស់។
ប៉ុន្តែចំណុចមួយនេះ មិនប្លែកអំពីគណបក្សដទៃទៀត ហើយក៏មិនប្លែកអំពីការយល់ឃើញរបស់គណបក្សដទៃទៀតដែរ។ អ្វីដែលប្លែកនោះគឺ ការផ្តល់មូលដ្ឋានត្រិះរិះពិចា រណាបែបទស្សនៈវិជ្ជាអោយមនុស្ស។ មានមនុស្សច្រើនណាស់ដែលគេមានការភាន់ច្រឡំថា ចំណេះដឹងបច្ចេកទេស ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត អាចជួយ អោយមនុស្សក្លាយជាមនុស្សដែលមាន មូលដ្ឋានក្នុងការត្រិះរិះពិចារណាខ្ពស់ ជាងមនុស្សសមញ្ញធម្មតា។ ត្រង់ចំណុចនេះ យើងត្រូវតែបើកចំហឡើងដើម្បីជជែកគ្នាថា តើអ្នកដែលមានចំណេះដឹងបច្ចេកទេស រួមទាំងបរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិតជាដើម ជាមនុស្សដែលមានមូលដ្ឋាក្នុងការត្រិះរិះពិចារណាខ្ពស់ហើយឬនៅ?
ខ្ញុំសូមលើកឧទាហរណ៍ខ្លះៗដែលខ្ញុំធ្លាប់បានឮ ពួកបណ្ឌិត អនុបណ្ឌិត បរិញ្ញា គេនិយាយថា «ធម្មតាទេ ការធ្វើនយោបាយគឺជាមុខជំនួញមួយ» ។ បងប្អូនសាកត្រិះរិះពិចារណាអំពីទស្សនៈឬគំនិតរបស់ពួក បណ្ឌិត អនុបណ្ឌិត ពួកបរិញ្ញាប័ត្រ អំពីការយល់ឃើញរបស់ពួកគេចំពោះនយោបាយទៅមើលថា តើពួកគេមានមូលដ្ឋានក្នុងការ ត្រិះរិះពិចារណាតាមបែបទស្សនៈវិជ្ជាហើយឬនៅ?
ក្នុងន័យពិត ត្រង់របស់នយោបាយ គឺជាការងាររបស់ជនសប្បុរស គ្មានជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងកិច្ចការនយោបាយទាល់តែសោះ។ ពួកគេមើលឃើញបញ្ហានៅក្នុងសង្គមដែលជះឥទ្ធិពលទៅដល់ជនរួមជាតិជាទីស្រលាញ់របស់ពួកគេ គេបានផ្តេជ្ញាចិត្តក្នុងការធ្វើអោយសង្គមរបស់ពួកគេរីកចម្រើន ប្រកបជាមួយនឹងទស្សនៈវិស័យដែលគេយល់ឃើញថា ដើម្បីកសាងសង្គម គឺត្រូវដឹកនាំទៅតាមផ្លូវនេះ ឬ ទៅតាមផ្លូវនោះ។ បើនិយាយពីដួងចិត្ត គឺដួងចិត្តប្រាសចាកភាពអាត្មានិយម ប្រាសចាកផលប្រយោជន៍ផ្ទាល់ខ្លួន គឺគេមកធ្វើនយោបាយព្រោះតែគេមានទស្សនៈមួយដែលគេជឿជាក់នៅក្នុងទស្សនៈរបស់គេថា គឺវាមានផលប្រយោជន៍សំរាប់ជាតិ ដែលខុសអំពីគណបក្សដ៏ទៃទៀត។
បើសិនណាជាគេមកក្នុងដួងចិត្តជាដួងចិត្តសង្គ្រោះ បងប្អូនអាចយកនយោបាយទៅប្រៀបធៀបជាមួយនឹងមុខជំនួញបានដែរឬទេ? ប៉ុន្តែពួកបណ្ឌិត ពួកដែលមានសញ្ញាប័ត្រធំៗ គេយល់ថានយោបាយគឺដូចមុខជំនួញអីចឹង។ ពេលទៅឃោសនានយោបាយត្រូវតែសុំសន្លឹកឆ្នោត។ គ្រាន់តែយើងបកស្រាយវែកញែកថា «ការចេញទៅឃោសនានយោបាយ មិនមែនជាការទៅរកសន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត» គេថាវាដូចតែគ្នា។ បងប្អូនសាកពិចារណាទៅមើល ថាតើបណ្ឌិត បរិញ្ញាប័ត្រ អ្នកដែលមានសញ្ញាប័ត្រធំៗ គេមានមូលដ្ឋានត្រិះរិះពិចារណា បែបទស្សនៈវិជ្ជាហើយឬនៅ?
ពួកយើងពិចារណាមើលថា បើយើងគ្រាន់តែចង់ទៅជួយគេ តើសន្លឹកឆ្នោតជារឿងចាំបាច់ណាស់ ជារឿងតែមួយគត់ដែលយើងត្រូវតែគិតគូឬយ៉ាងម៉េច? គេនិយាយថា «បើយើងមិនឈ្នះឆ្នោត តើធ្វើម៉េចបានអាចដាក់គោលនយោបាយដែលជាផលប្រយោជន៍សំរាប់ប្រទេសជាតិយើងបានទៅ? ដូច្នេះយើងត្រូវតែឈ្នះឆ្នោត»។ ប៉ុន្តែបងប្អូនយកគំនិតទស្សនៈរបស់ពួកយើងទៅពិនិត្យទៅពិចារណាមើល! មិនបានសន្លឹកឆ្នោតគ្រប់គ្រាន់សំរាប់បង្កើតរដ្ឋាភិបាល ច្បាស់ណាស់ថាគោលនយោបាយរបស់ពួកយើងមិនត្រូវបានអនុវត្តន៍ទេ។ ប៉ុន្តែ «មិនមែនរាល់តែការឈ្នះឆ្នោតបានកាន់ការងារប្រទេសជាតិ សុទ្ធតែអាចដឹកនាំប្រទេសជាតិបានទៅដល់គោលដៅនោះទេ»។ បងប្អូនអាចសាកល្បងពិចារណាត្រង់ចំណុចនេះទៅមើល យើងត្រូវប្រុងប្រៀបធនធានមនុស្ស ទស្សនៈវិស័យ...ប៉ុន្តែ បើសិនណាជាពួកគេផ្តើមពីដួងចិត្ត គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន គេមិនបានគិតថា ការលូកដៃទៅយកសន្លឹកឆ្នោតរបស់គេហ្នឹងវាផ្តល់ផលអាក្រក់យ៉ាងម៉េចខ្លះសំរាប់ប្រជាពលរដ្ឋទេ។ ត្រង់ចំណុចនេះហើយដែលយើងនិយាយថា ការចេញទៅឃោសនា នយោបាយមិនមែនជាការស្វែងរកសន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត្យ។ តើវាខុសគ្នាយ៉ាងម៉េច? បើគេគិតតែទៅលើសន្លឹកឆ្នោត គេអាចប្រើគ្រប់វិធី ទាំងមធ្យោបាយសុច្ចរិត ទាំងមធ្យោបាយទុច្ចរិត ដើម្បីអោយបានសន្លឹកឆ្នោត។ អ្នកណាមានលទ្ធភាព ចែកអំណោយ គេចែកអំណោយ បើអាចគាបសង្កត់ គេគាបសង្កត់។ អ្នកគ្មានលទ្ធភាពចែកអំណោយ គឺអួតអាង និយាយមិនពិត បំភ្លើសបំផ្លោង អុជអាលចាក់រុកអោយពលរដ្ឋក្តៅក្រហាយ។ ទាំងនេះដោយសារអ្វី? គឺដោយសារចិត្តរបស់គេផ្តោតទៅលើតែសន្លឹកឆ្នោត។ ប៉ុន្តែបើយើងស្វែងរកការគាំទ្រគំនិត ប្រាកដណាស់យើងត្រូវអោយអ្នកស្តាប់យល់អំពីគោលនយោបាយជាគន្លឹះរបស់យើង យល់ពីចំណុចចាប់ផ្តើមរបស់យើង យល់ពីឥរិយាបថនយោបាយរបស់យើង យល់ពីធនធានមនុស្ស ដើម្បីឈានដល់ការគាំទ្រគោលនយោបាយរបស់យើង។ អោយប្រជាពលរដ្ឋគាត់ត្រិះរិះពិចារណា ដើម្បីអោយគាត់ក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រួវ មានសេចក្តីថ្លៃថ្នូរ មុននឹងបងប្អូនទំលាក់សន្លឹកឆ្នោតទៅក្នុងធុងគឺបងប្អូន បានយល់យ៉ាងល្អិតល្អន់ពីគណបក្សដែលបងប្អូនបានគាំទ្រនោះ។ មូលហេតុដូចនេះហើយបានជាគណបក្សរបស់យើងនិយាយថា ការចេញទៅឃោសនានយោបាយ មិនមែនជាការស្វែងរកសន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត្យ។ ពាក្យមួយឃ្លាននេះគឺជួយរំឮកអ្នកគាំទ្រយើង រំឮកដល់អ្នកស្ម័គ្រចិត្ត អ្នកជួយពង្រីកគំនិត្យទាំងអស់ អោយគេដឹងថា គ្មានអ្វីក្រៅអំពីការពន្យល់ អ្នកគាំទ្រយើង អ្នកដែលមិនគាំទ្រយើងផង អោយពួកគេបានយល់ពីវត្ថុបំណងរបស់យើងផង យល់ពីរបៀបនៃការដោះស្រាយបញ្ហារបស់យើងផង យល់ពីចំណុចចាប់ផ្តើមរបស់យើងផង យល់ពីឥរិយាបថនយោបាយរបស់យើងផង និងអោយយល់អំពីលក្ខណៈធនធានមនុស្សដែលយើងនឹងយកមកគាំពារចលនានយោបាយរបស់ពួកយើងផង សរុបរួមមកគឺ អោយគេយល់អំពីលក្ខណៈសម្បត្តិដែលជាចំណុចខ្លាំង ខ្លឹម របស់ពួកយើង ដែលជាទូទៅយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាគេយកចំណុចខ្សោយរបស់អ្នកដ៏ទៃមកធ្វើជាចំណុចខ្លាំងរបស់ខ្លួន។ ប៉ុន្តែខ្ញុំសូមរំឮកប្រជាពលរដ្ឋថា «ពេលដែលយើងកាន់ការងារប្រទេសជាតិ ចំណុចខ្សោយរបស់អ្នកដ៏ទៃបានបាត់ទៅហើយ វានៅសល់តែចំណុចខ្លាំងរបស់យើងទេ។ ការរិះគន់អ្នកដ៏ទៃវាបានចប់បាត់ទៅហើយ វានៅសល់តែការដឹកនាំរបស់យើងតែប៉ុណ្ណោះ»។ ដូច្នេះហើយមុននឹងបោះឆ្នោតបងប្អូនត្រូវឆែកមើលថាតើគណបក្សនយោបាយនោះ មានគុណសម្បត្តិគ្រប់គ្រាន់អាចដឹកនាំបងប្អូនទៅដល់គោលដៅបានដែរឬទេ។
ពួកយើងបានសង្គត់ធ្ងន់ៗថា ចំណេះដឹងបច្ចេកទេស គឺមិនគ្រប់គ្រាន់អោយបុគ្គលម្នាក់អាចមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជា គឺទំនាក់ទំនងរវាងហេតុនិងផលបានទេ។ ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេសដែលជាការយល់ឃើញ របស់គណបក្សផ្សេងៗ ក៏ដូចជារដ្ឋាភិបាលគឺមិនទាន់គ្រប់គ្រាន់អោយមនុស្សម្នាក់ក្លាយទៅជាក្លឹមទេ គឺត្រូវមានការផ្តល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជាមួយទៀត។ បើសិនជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់យើងឈ្នះឆ្នោត យើងនឹងធ្វើគ្រប់មធ្យោបាយទាំងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ កាសែត និងសារសំឡេង គឺវិទ្យុ យើងធ្វើការផ្សព្វផ្សាយជាប្រចាំនូវមូលដ្ឋានគ្រប់គ្រាន់ក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជា គឺទំនាក់ទំនងរវាងហេតុនិងផល។
មានបច្ចេកទេសហើយ មានការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជា ដឹងហេតុ ដឹងផលហើយប៉ុន្តែបើមនុស្សនេះគ្មានសីលធម៌ បុគ្គលនេះនឹងយក បច្ចេកទេស និងយកមូលដ្ឋានក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជាទៅលេងសើច បែបជាល្បែងល្បងប្រាជ្ញា និយាយយកឈ្នះ យកចាញ់គ្នា។ ដូច្នេះដើម្បីទប់ចំណេះទាំងពីខាងលើគឺ មនុស្សត្រូវមានសីលធម៌បន្ថែមទៀត។ សីលធម៌គឺជាចំណុចមួយធំបំផុតសំរាប់ប្រជាពលរដ្ឋនៅក្នុងសង្គមមួយ គឺការទទួលខុសត្រូវ។ យើងសង្កេតឃើញប្រជាពលរដ្ឋយើងសព្វថ្ងៃ មិនគិតគូពីបញ្ហានយោបាយ។ នេះគឺជាបាត់ការទទួលខុសត្រូវមួយធំណាស់។ អញ្ចឹងហើយបានជាយើងលើកឡើងថា សីលធម៌របស់មនុស្សម្នាក់សំខាន់បំផុតគឺការទទួលខុសត្រូវ។ គេត្រូវត្រួតពិនិត្យគ្រប់ផ្នែកដែលទាក់ទងទៅនឹងជីវិតនៃការរស់នៅរបស់ពួកគេ ទាំងប្តីប្រពន្ធ ក្រុមគ្រួសារ មិត្តភក្តិ រហូតដល់ថាតើ ពួកយើងជាប្រជាពលរដ្ឋរស់នៅក្នុងសង្គម តើពួកយើងមានការព្វកិច្ចអ្វីខ្លះ។ នេះជាការទទួលខុសត្រូវចំពោះសង្គម។ ដើម្បីអោយធនធាមនុស្សរបស់យើងក្លាយទៅជាធនធានមនុស្សខ្លឹម ដាច់ខាតត្រូវក្តោបចំណុច៣នេះ គឺចំណេះដឹងបច្ចេកទេស មូលដ្ឋានក្នុងការត្រិះរិះពិចារណាបែបទស្សនៈវិជ្ជា និងសីលធម៌៕
23-05-2019
ដកស្រង់ចេញពីការថ្លែងសន្ទរកថា របស់លោកខឹមវាសនា នៅប៉ស្តិ៍ទូរទស្សន៍ជាតិកម្ពុជា
ស្តីពីយុទ្ធនាការនៃការបោះឆ្នោត ជាតិ ២០១៣។