«ស៊ូធ្វើប្រជាពលរដ្ឋសាមញ្ញក្នុងប្រទេសថ្លៃថ្នូរ ប្រសើរជាងធ្វើជារដ្ឋមន្រ្តីក្នុងប្រទេសថោកទាប»
បងប្អូនអាចចូលរួមគិតទាំងអស់គ្នាដោយសេចក្តីស្មោះត្រង់ទៅចុះ ថាតើមានអ្វីប្រសើរថ្លៃថ្លាជាងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ទៀតនោះ? លុយកាក់ មាសប្រាក់ ផ្ទាល់ខ្លួន តំណែងតួនាទី មន្រ្តី រដ្ឋមន្ត្រី ឬ នាយករដ្ឋមន្ត្រីជាដើម...បងប្អូនយល់ថាវាថ្លៃថ្នូរណាស់។ សួរថាការថ្លៃថ្នូរដែលបងប្អូនយល់ឃើញនោះ តើវាថ្លៃថ្នូរស្មើនឹងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍មួយដែរឬទេ? បងប្អុនយកទៅគិតចុះ បើសិនជាពូជពង្សយើងថ្លៃថ្នូរ ទោះជាយើងខ្វះទ្រព្យក៏ដោយក៏ប៉ុន្តែពូជយើងថ្លៃថ្នូរ ទៅដល់ទីណាក៏ជាប់ឈ្មោះពូជថ្លៃថ្នូរទៅជាមួយដែរ។ ប៉ុន្តែបើយើងរស់ក្នុងសង្គមមួយថោកទាបទៅហើយ មិនថាជារដ្ឋមន្ត្រីនោះទេ ក៏នៅតែក្នុងនាមជារដ្ឋមន្ត្រីនៃប្រទេសថោកទាបដដែល អ្នកវាមិនអាចស្វែងរកភាពថ្លៃថ្នូរដាច់ដោយឡែកតែឯងបាននោះទេ។
ភាពថ្លៃថ្នូរនៃសង្គមមួយទាំងមូលវាគឺជាចំណែករបស់ពួកយើងទាំងអស់គ្នា។ បើវាជាចំណែករបស់យើងទាំងអស់គ្នា ហេតុអ្វីបានជាយើងមិនព្រមចំណាយផលប្រយោជន៍ផ្ទាល់ខ្លួនក៏សាងសេចក្តីថ្លៃថ្នូរអោយជាតិសាសន៍របស់ពួកយើង? ព្រោះយើងបានចំណែកមក គឺយើងបានទាំងអស់គ្នា ហេតុអ្វីយើងមិនចំណាយ កម្លាំង ពេលវេលា លុយកាក់ ដើម្បីក៏សាងភាពថ្លៃថ្នូររបស់ជាតិសាសន៍យើង? ប៉ុន្តែ ខ្មែរយើងបំផ្លាញភាពថ្លៃថ្នូររបស់ជាតិ ដើម្បីបានភាពថ្លៃថ្នូររបស់ខ្លួន។ អ្នកឯងថ្លៃថ្នូរកំរិតណាក៏ដោយ អ្នកឯងមានលុយដើរលេងប្រទេសគេព្រឹកល្ងាយក៏ដោយ គេសួរអ្នកឯងថា មកពីជាតិសាសន៍មួយណា? អ្នកឯងប្រាប់គេថា អ្នកឯងមកពីជាតិសាសន៍មួយថោកទាប តើថ្លៃថ្នូរយ៉ាងម៉េចទៅរួច?